រឿងខ្លាស៊ីកូនតាពស់ព្រៃ - រឿងនិទាន

Breaking

BANNER 728X90

Sunday, April 1, 2018

រឿងខ្លាស៊ីកូនតាពស់ព្រៃ

រឿងខ្លាស៊ីកូនតាពស់ព្រៃ កាលពីព្រេងនាយមានបុរសម្នាក់ជាចាស់ ព្រឹទ្ឋាចារ្យឈ្មោះតាពស់ព្រៃ គាត់ជាមនុស្សទីទ័លក្របាន មកតាំងទីលំនៅធ្វើស្រែចំការ នៅក្បែរជើងភ្នំតែពីរនាក់ប្តី ប្រពន្ឋ។ លុះនៅយូរៗទៅបានកូនប្រុសម្នាក់ គាត់ចិញ្ចឹម បីបាច់តាំងពីតូច រហូតដល់បាន អាយុ១ឆ្នាំ បានប្រកប សេចក្តីសុខដរាបរៀងមកឥតដែលមានមោះហ្មងអ្វីឡើយ។ថ្ងៃមួយតាពស់ព្រៃនិងប្រពន្ឋកាលបើបញ្ចុកអាហារឱ្យកូនបរិភោគរួចក៏ផ្តេកកូន នោះក្នុងរោង ជាទីលំនៅរបស់គាត់ ដូចកាលសព្វដងរៀងមក មិនបានគិតក្រែងតែមានគ្រោះថ្នាក់ ដល់កូនសោះទេហើយយកដងរែកសង្រែក និងកណ្តៀវចេញទៅតាំងពីព្រលឹម រហូតដល់ថ្ងៃត្រង់ ចោលកូនឱ្យដេកនៅក្នុងរោង តែម្នាក់ឯង ។ ក្រោយពី តា និងយាយ ចេញផុតទៅខ្លាធំមួយ ដែលឋិតនៅក្នុងព្រៃជិតនោះ លបចូលទៅក្នុងរោង ឃើញទារក ដេកតែម្នាក់ឯង ក៏ពាំយកកូនតូចនោះទៅស៊ីជាអាហារ។ កុមារនោះពុំបានស្រែកយំមួយ ង៉ាណាសោះដោយវា នៅតូចដេកពុំដឹងខ្លួន ។ ឯតាពស់ព្រៃ និងយាយ ជាភរិយាខំច្រូត ស្រូវនៅក្រោមកំដៅព្រះអាទិត្យ តាំងពីព្រឹកពុំហ៊ានឈប់សម្រាកសោះ។ លុះថ្ងៃត្រង់អត់ ទ្រាំនឹងកំដៅព្រះអាទិត្យ ទៅទៀតពុំបាន គាត់ក៏រៀបកណ្តាប់ស្រូវ ដាក់ក្នុង សង្រែកនិង ចងជាទ្រនូល ហើយតាពស់ព្រៃ លើកអម្រែកដាក់នៅលើស្មាដើរតាមក្រោយយាយទូល កណ្តាប់ស្រូវ យាត្រារលះរលាំងសំដៅទៅកាន់ទីលំនៅរបស់ខ្លួន។ ទៅដល់លំនៅហើយ ក៏ដាក់អម្រែក និងត្រនូលក្រឡេកមើលទៅក្នុងរោង មិនឃើញកូនរបស់ខ្លួនផ្តេកនោះគាត់ មានសេចក្តីតក់ស្លុតញាប់ញ័រក្នុងចិត្តជាខ្លាំងទាំងពីរនាក់ប្តីប្រពន្ឋគយគន់រំពៃក្បែរៗកន្លែង កូនដេកនោះឃើញតែដានជើងខ្លាមួយយ៉ាងធំ និងស្នាមឈាមស្រក់តាំងពីកន្លែងកូនដេក រហូតដល់ព្រៃលំ ។ តាពស់ព្រៃ និងភរិយា បានដឹងច្បាស់ថា ខ្លាពាំកូន ទៅស៊ីជាអាហារ ហើយក៏យំសោកសង្រេងសង្រៃ អាល័យអាណិតអាសូរដល់កូនតូចដែលមិនដឹងអ្វីតាំងពី កណ្តាលថ្ងៃត្រង់រហូតដល់យប់ទើបតាពស់ព្រៃ និងភរិយា ឈប់សោយសោក ហើយមក ពិចារណាថា ៖ បើយើងគិតតែយំសោកអាឡោះអាល័យបោកខ្លួនដូច្នេះតទៅទៀតឃើញ ថាឥតបានប្រយោជន៍អ្វីបន្តិចបន្តួចសោះ ដូច្នេះគួរគប្បីយើងឈប់យំស្រែក ហើយគិតរក មធ្យោបាយដូចម្តេច និងសម្លាប់ខ្លានេះឱ្យខានតែបាន។ចាប់តាំងពីនោះមករាល់ព្រឹកភរិយា ក្រោកពីព្រលឹម រៀបចំម្ហូបអាហារ បាយសំណុំ ទឹកបំពង់ និង បៀកស្លា ដាក់ក្នុងសំពៀត ជូនស្វាមីរៀងរាល់ថ្ងៃ ដើម្បីដើរតាមរក សម្លាប់ខ្លាសាហាវ ដែលបាន មកបំផ្លាញជីវិតកូន នោះ។រីឯតាពស់ព្រៃកាលប្រពន្ធរៀបចំបាយកញ្ចប់ស្លាដាក់សំពៀតរួចហើយក៏ធ្វើដំណើរ ចូលព្រៃស្មាម្ខាងស្ពាយបាយ និង សំពៀត ស្មាម្ខាងទៀត លីពូថៅ ដើរយ៉ាងអង់អាចចូល ក្នុងព្រៃភ្នំរុកតត្រុករកខ្លាតាំងពីជើងភ្នំ រហូតដល់កំពូលមើលសព្វជ្រោះជ្រលង រូងថ្មតូចធំ ឆ្លងព្រៃកាត់វាល ឆ្លងវាលចូលព្រៃ រៀងរាល់ថ្ងៃ។ គាត់ដើរតាមរកខ្លានោះ តាំងពីខែប្រាំង រហូតដល់ខែវស្សា មានទឹកជំនន់លិចស្រែចំការ លិចព្រៃព្រឹក្សាលតាវល្លិ រហូតដល់ជើង ភ្នំបណ្តាលឱ្យសត្វផងទាំងឡាយដែលអាស្រ័យនៅក្នុងព្រៃនោះទាំងប៉ុន្មាន ផ្អើលរត់ឡើង ទៅពឹងពាក់អាស្រ័យនៅលើកំពូលភ្នំទាំងអស់ ដោយខ្លាចក្រែងទឹកជំនន់លង់ស្លាប់។ ឯថ្ងៃ មួយតាពស់ព្រៃដើរទៅប្រទះនិងខ្លាដែលខាំកូនរបស់គាត់នោះ គាត់ក៏គិតថា ពិតជាខ្លានេះ ហើយដែលចូល ទៅខាំកូនអញស៊ី ព្រោះដានជើង ដែលអញបានឃើញ និង ជើងខ្លានេះ មានទំហំប៉ុនគ្នា ហើយមិនឃើញមានខ្លាដទៃណាធំដូចខ្លានេះផង មានតែខ្លានេះហើយជា មេហ្វូងធំជាងគេ បានជាហ៊ានចូលទៅខាំកូនអញស៊ីទាំងថ្ងៃដូច្នេះ។ តាពស់ព្រៃគិតថា បើ អញសម្លាប់ខ្លានេះដោយកំលាំងបាយមុខជាមិនឈ្នះវាទេ គួរគប្បីអញប្រើគំនិត និងប្រាជ្ញា ដើម្បីសម្លាប់ខ្លានេះទើបបាន។ គិតស្រេចទើបតាពស់ព្រៃបញ្ចោញវាចាយ៉ាងខ្លាំងៗ ដើម្បី ឱ្យឮទៅខ្លាថា “ វល្លិណាតូចៗ ចងឆ្នាំងចងអំបែង វល្លិណាវែងៗ ចងកូនចងចៅ ចងញាតិ សន្តានព្យួរលើចុងឈើ”។ មាត់តែថា ភ្នែកតែងរំពៃមើលលើ មើលក្រោម មើលឆ្វេងមើល ស្តាំ!ដៃស្តាំកាន់ពូថៅ ដៃឆ្វេងទាញវល្លិ ធ្វើឫកដូចជា អ្នករកវល្លិមែនៗ លុះទន្ទេញផ្ទួនៗឮ ដល់ខ្លា។ ខ្លាមានសេចក្តីសង្ស័យក៏សួរទៅ តាពស់ព្រៃថា តាៗ បោចវល្លិយកទៅចងអី?។ តាពស់ព្រៃប្រាប់ទៅខ្លាវិញថា ” អញបោចវល្លិ ទៅចងឆ្នាំង ចងអំបែង ចងកូនចងចៅចង ញាតិសន្តានរបស់អញព្យួរលើចុងឈើ ព្រោះនៅតែ៧ថ្ងៃទៀត នឹងមានទឹកជំនន់លិចស្រែ ចំការលិចព្រៃព្រឹក្សា លិចទាំងបុព្វតា ស្លាប់មនុស្ស និងខ្លាឯងនេះអស់ហើយ ” ។ រីឯសត្វ ខ្លាឮតាពស់ព្រៃប្រាប់ដូច្នោះ មានចិត្តភិតភ័យនឹងសេចក្តីស្លាប់ពន់ពេក ក៏និយាយសុំឱ្យតា ចងខ្លួនព្យួរលើចុងឈើផង។ តាពស់ព្រៃប្រកែកថា ”អញមិនរវល់នឹងចងអាខ្លាឯងព្យួរលើ ចុងឈើទេ ទុកឱ្យអាខ្លាឯងលង់ទឹកស្លាប់ទៅចុះ បើអាខ្លាឯងមិនជឿអញទេ ឯងទៅឡើង លើថ្មដាណា ដែលខ្ពស់ជាងគេ ហើយក្រឡេកមើលទៅជុំវិញភ្នំ គង់នឹងឃើញ ទឹកដែល ជន់ច្រើនឡើងមិនខាន ”។ ខ្លាឮតាពស់ព្រៃ ប្រាប់ដូច្នោះក៏ខំរត់ទៅរកថ្មដាណាដែលខ្ពស់ ជាងគេលើកំពូលភ្នំ ឃើញទឹកល្ហល្ហាច ដូចតាពស់ព្រៃប្រាប់មែន ។ ខ្លាភ័យតក់ស្លុតខ្លាំង ណាស់រត់ចុះមករកតាពស់ព្រៃវិញហើយអង្វរតាហើយអង្វរទៀតសុំអោយតាចងព្យួរខ្លួន លើចុងឈើតាពស់ព្រៃរឹតតែបានចិត្តហើយពោលថា៖ “អញព្រមចងអាខ្លាឯងដែរតែអញ ចងតែវល្លិណាតូចៗ ឱ្យដាច់ធ្លាក់អាខ្លាឯងក្នុងទឹកស្លាប់ទៅចុះ ” ។ ខ្លា រឹតតែភ័យតក់ស្លុត ខ្លាំងទៅទៀតអង្វរតាពស់ព្រៃទៀតមាត់តែអង្វរជើងក៏លើកសំពះ។ តាពស់ព្រៃមើលល្មម បានការហើយ ក៏ប្រាប់ខ្លាថាៈ“ មិនអីទេចាំអញរកវល្លិយ៉ាងធំចងអាខ្លាឯង”។ ខ្លាឮដូច្នោះ មានសេចក្តីត្រេកអរជាទីបំផុត។ តាពស់ព្រៃក៏បង្គាប់ឱ្យខ្លាដេកផ្ងារហើយយកវល្លិយ៉ាងធំ យកមកចងជើងទាំង៤ផ្អោបគ្នា ហើយរឹតព្យួរទៅនឹងចំពាមឈើដែលមានកំពស់ល្មមយារ ដំបងវាយបាន។ លុះតាពស់ព្រៃចងខ្លាព្យួរស្រេចហើយក៏ចេញទៅរកកាប់ដំបង១យ៉ាងធំ ដើម្បីយកមកសំពងខ្លាដែលចងព្យួរនោះ។ រីឯខ្លាកាលបើបានឃើញតាពស់ព្រៃ ទៅកាប់ ឈើធ្វើជាដំបងធំដូច្នោះ ក៏មានសេចក្តីសង្ស័យ ហើយសួរទៅតាពស់ព្រៃថា ៖ តាៗ!កាប់ ឈើយកមកធ្វើអ្វីហ្នឹង ?។ តាពស់ព្រៃប្រាប់ខ្លាវិញថា ៖ “អញកាប់ឈើយកមកធ្វើដងរែក រែកវល្លិយកទៅផ្ទះ ” លុះតាពស់ព្រៃ កាប់ឈើធ្វើដីំបងរួចស្រេច ក៏កាន់ដើរចូលទៅវាយ សំពងខ្លាតាំងពីថ្ងៃត្រង់រហូតព្រលប់ បណ្តាលឱ្យបាក់ឆ្អឹងជំនីរខ្លាទាំងសងខាង ដៃខំវាយ សំពងមាត់ក៏ផ្ចាញ់ផ្ចាលថាៈ “អាខ្លា! អាឯងខាំកូនអញទៀត”។ ខ្លាខំប្រឹងបំរះរើយ៉ាងណា ក៏ពុំរួចវាយរួចតាពស់ព្រៃរកសម្រាមនិងឈើងាប់យកមកគរដុតពីខាងក្រោមបណ្តាលឱ្យ ឆេះរោមខ្លា និងរលាកស្បែកដុំៗ ហើយឆេះរហូតទៅដល់ខ្សែដែលចងព្យួរនោះដាច់ធ្លាក់ ខ្លាមកដល់ដី បំរះ រួចរត់ចូលព្រៃបាត់ទៅ ។ ចំណែកតាពស់ព្រៃ ក៏វិលត្រឡប់ទៅកាន់ទី លំនៅរបស់ខ្លួនវិញបាននិយាយរ៉ាយរ៉ាប់ប្រាប់ប្រពន្ធគាត់ អំពីរឿងដែលគាត់បានវាយខ្លា នោះសព្វគ្រប់ហើយ ក៏នៅជាសុខជាមួយប្រពន្ធគាត់រហូតអស់ជិវិតរៀងខ្លួន។ មកពីមាន រឿងដូចបានសំដែងមកនេះហើយ បានជាខ្លាសព្វថ្ងៃមានលក្ខណៈប្លែកពីសត្វទាំងពួង៣ យ៉ាង។ ១. ឆ្អឹងជំនីរខ្លាកាលណាវាសំឡបទៅ ឃើញរាងបាក់រួមចូលគ្នា។ ២. សត្វសព្វថ្ងៃនេះ វាបន់ក្នុងមួយថ្ងៃ៧ដង កុំឱ្យជួបនឹងមនុស្សយើង ព្រោះខ្លាចមនុស្ស តាំងពីតាពស់ព្រៃចងវាសំពងមក។ ៣. ខ្លាមានសម្បុរវាក្រវ៉េមក្រវ៉ាម មកពីតាពស់ព្រៃដុតភ្លើងឆេះរោលនោះឯង។

No comments:

Post a Comment